រដ្ឋមន្រ្តីស្តីទីក្រសួងការបរទេស ទទួលជម្រាបលា ឯកអគ្គរដ្ឋទូតហុងគ្រី
(ភ្នំពេញ)៖ នាព្រឹកថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២៦ លោកជំទាវ អ៊ាត សោភា រដ្ឋមន្រ្តីស្តីទី នៃក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានទទួលជំនួបជម្រាបលាពី ឯកឧត្តម Tibor BALOGHDI ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពនៃប្រទេសហុងគ្រីប្រចាំកម្ពុជា ដែលមាននិវេសនដ្ឋាននៅទីក្រុងហាណូយ បន្ទាប់ពីបញ្ចប់អាណត្តិបេសកកម្ម។
ក្នុងកិច្ចជួបនេះ ភាគីទាំងពីរបានសម្ដែងការពេញចិត្តចំពោះទំនាក់ទំនងមិត្តភាព និងកិច្ចសហប្រតិបត្តិការដ៏ល្អប្រសើរ ដែលបានបន្តអស់រយៈពេល៧០ឆ្នាំកន្លងទៅ។ លោកជំទាវរដ្ឋមន្រ្តីស្តីទី បានកោតសរសើរចំពោះកិច្ចខិតខំប្រឹងប្រែង និងការរួមចំណែកសកម្មរបស់ឯកឧត្តមឯកអគ្គរដ្ឋទូត ក្នុងការពង្រឹងទំនាក់ទំនងទ្វេភាគីឱ្យកាន់តែរឹងមាំ ដើម្បីអត្ថប្រយោជន៍ប្រជាជនទាំងពីរ។
ភាគីទាំងពីរបានផ្លាស់ប្តូរទស្សនៈអំពីការវិវត្តថ្មីៗនៅកម្ពុជា និងហុងគ្រី ក៏ដូចជាបញ្ហាតំបន់ និងអន្តរជាតិ ដែលជាកង្វល់រួម។ ពួកគេបានបញ្ជាក់ឡើងវិញនូវការប្តេជ្ញារួមក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការទ្វេភាគី និងអន្តរជាតិ ដើម្បីគាំទ្រសន្តិភាព និងស្ថិរភាព។
លោកជំទាវរដ្ឋមន្រ្តីស្តីទី ក៏បានជម្រាបជូនឯកឧត្តមឯកអគ្គរដ្ឋទូត អំពីស្ថានភាពព្រំដែនកម្ពុជា-ថៃ និងបានបញ្ជាក់ជាថ្មីពីការប្តេជ្ញាចិត្តរបស់កម្ពុជាក្នុងការដោះស្រាយជម្លោះដោយសន្តិវិធី ស្របតាមច្បាប់អន្តរជាតិ និងកិច្ចព្រមព្រៀងដែលមានស្រាប់។



