អាជ្ញាធរអំពាវនាវឱ្យប្រជាពលរដ្ឋដែលមានអត្តសញ្ញាណបណ្ណអស់សុពលភាព ឬសល់សុពលភាពតិចជាង ៦ខែ សូមអញ្ជើញទៅបំពេញបែបបទបន្តសុពលភាពឡើងវិញ ដើម្បីធានាបាននូវសិទ្ធិ និងកាតព្វកិច្ចស្របច្បាប់។

0 921

(ខេត្តសៀមរាប)៖​ នៅថ្ងៃទី៨ ខែឧសភា ឆ្នាំ២០២៦ ក្នុងឱកាសចុះពិនិត្យការផ្តល់សេវាធ្វើអត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរ នៅបរិវេណវត្តប្រាសាទគោកចក ក្រុងសៀមរាប លោក លី សារី អភិបាលរងខេត្តសៀមរាប បានអំពាវនាវដល់ប្រជាពលរដ្ឋដែលមានអត្តសញ្ញាណបណ្ណអស់សុពលភាព ឬសល់សុពលភាពតិចជាង ១៨០ថ្ងៃ ព្រមទាំងយុវជនអាយុ ១៥ឆ្នាំឡើងទៅ សូមអញ្ជើញមកបំពេញបែបបទធ្វើ ឬបន្តសុពលភាពអត្តសញ្ញាណបណ្ណថ្មី ដោយឥតគិតថ្លៃ។

សេវាធ្វើអត្តសញ្ញាណបណ្ណអាចធ្វើបានតាម ប៉ុស្តិ៍នគរបាលរដ្ឋបាល ឃុំសង្កាត់ អធិការដ្ឋាននគរបាលក្រុង ស្រុក ស្នងការដ្ឋាននគរបាលខេត្ត និងតាមរយៈ សេវាចល័ត របស់ស្នងការដ្ឋាននគរបាលខេត្តសៀមរាប។

លោក លី សារី បានបញ្ជាក់ថា អត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរ គឺជាឯកសារផ្លូវការសំខាន់សម្រាប់កំណត់អត្តសញ្ញាណ និងការអនុវត្តសិទ្ធ–កាតព្វកិច្ចជាប្រជាពលរដ្ឋខ្មែរ ដូចជា៖

  • ចុះឈ្មោះចូលរៀន
  • ចូលបម្រើការងារ
  • ចុះបញ្ជីអចលនវត្ថុ និងយានយន្ត
  • ធ្វើលិខិតឆ្លងដែន
  • ចូលរួមបោះឆ្នោត
  • និងប្រើប្រាស់សេវារដ្ឋបាលផ្សេងៗទៀត។

ក្នុងនោះ លោកឧត្តមសេនីយ៍ត្រី នៅ អេងវណ្ណនី ស្នងការរងទទួលផែនការងារអត្តសញ្ញាណកម្ម បានបញ្ជាក់ថា ការស្នើសុំអត្តសញ្ញាណបណ្ណត្រូវភ្ជាប់ឯកសារយោងដូចជា៖

  • សំបុត្រកំណើត ឬសំបុត្របញ្ជាក់កំណើត
  • សៀវភៅស្នាក់នៅ ឬសៀវភៅគ្រួសារ ឬលិខិតបញ្ជាក់ទីលំនៅ

សម្រាប់សាមីខ្លួនក្នុងព្រះពុទ្ធសាសនា ត្រូវភ្ជាប់ឯកសារបន្ថែមដូចជា ឆាយា, សង្ឃដីកា ឬសុទ្ធិបត្រ។ ករណីលាចាកសិក្ខាបទ ត្រូវស្នើសុំប្តូរទិន្នន័យនៅលើអត្តសញ្ញាណបណ្ណ រួមមានរូបថត និងអាសយដ្ឋាន។

អត្ថបទដោយ៖ លោក ចេន វិចត្រ

You might also like
Loading...