ស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ បញ្ជាក់អំពីប្រតិបត្តិការបង្ក្រាបទីតាំងលបលួចប្រព្រឹត្ត Online Scams ដោយចាប់ខ្លួនជនបរទេសជាច្រើនរយនាក់

0 837

(ព្រះសីហនុ)៖នៅរសៀលថ្ងៃទី៩ ខែឧសភា ឆ្នាំ២០២៦ កម្លាំងនគរបាលជាតិ និងកងរាជអាវុធហត្ថខេត្តព្រះសីហនុ បានអនុវត្តប្រតិបត្តិការបង្ក្រាបទីតាំងសង្ស័យប្រព្រឹត្តបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) និងស្នាក់នៅខុសច្បាប់ នៅក្នុងអគារកាស៊ីណូ JIN YU MEN TANG ស្ថិតនៅក្រុមទី១៧ ភូមិ៤ សង្កាត់លេខ៤ ក្រុង-ខេត្តព្រះសីហនុ។

ប្រតិបត្តិការនេះ ដឹកនាំដោយនាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និងលោក ម៉ាង ស៊ីណេត អភិបាលខេត្តព្រះសីហនុ ព្រមទាំងមានការសម្របសម្រួលពីតំណាងអយ្យការអមសាលាដំបូងខេត្ត និងការចូលរួមពីកម្លាំងជំនាញនគរបាល និងកងរាជអាវុធហត្ថ។

ពេលកម្លាំងជំនាញចុះដល់ទីតាំង អ្នកសង្ស័យជនបរទេសជាច្រើនរយនាក់បានព្យាយាមរត់គេចខ្លួន ប៉ុន្តែត្រូវបានគ្រប់គ្រងស្ថានភាពដោយសុវត្ថិភាព។ កម្លាំងបានធ្វើការហ៊ុំព័ទ្ធ និងក្រសោបជនបរទេសជាច្រើនរយនាក់ រួមទាំងសម្ភារមួយចំនួន។

បច្ចុប្បន្ន មានជនបរទេសប្រមាណ ៤០០នាក់ ត្រូវបានបញ្ជូនទៅអគ្គនាយកដ្ឋានអន្តោប្រវេសន៍ ដើម្បីបន្តនីតិវិធី។ ខណៈដែលជនបរទេសជាច្រើនរយនាក់ទៀត កំពុងត្រូវឃាត់ខ្លួនបណ្តោះអាសន្ននៅក្នុងអគារកាស៊ីណូ ដើម្បីបន្តនីតិវិធីបន្ថែម។

ប្រតិបត្តិការនេះបង្ហាញពីការចូលរួមសហការយ៉ាងជិតស្និទ្ធរវាងអាជ្ញាធរមូលដ្ឋាន និងកម្លាំងសន្តិសុខ ក្នុងការបង្ក្រាបបទល្មើសឆបោកតាមបច្ចេកវិទ្យា និងការស្នាក់នៅខុសច្បាប់។

អត្ថបទដោយ៖ លោក​ ចេន​​ វិចិត្រ

You might also like
Loading...