កងទ័ពអាកាសថៃ បន្តប្រព្រឹត្តឧក្រិដ្ឋកម្មសង្គ្រាមលើជនស៊ីវិលកម្ពុជា ប្រើយន្តហោះ F-16 បំផ្លាញស្ពាន ដោយមិនស្តាប់អាមេរិក និងចិន
(ឧត្តរមានជ័យ)៖ បើទោះបីជាមានការប្រឹងប្រែងពីសហរដ្ឋអាមេរិក និងចិន ឱ្យកម្ពុជា និងថៃ បញ្ចប់សង្គ្រាមរវាងគ្នាយ៉ាងណាក្តី កងទ័ពថៃ នៅតែបន្តភាពគឃ្លើនដោយមិនស្តាប់កិច្ចអន្តរាគមន៍របស់អាមេរិក និងចិននោះឡើយ។ នៅវេលាម៉ោងជាង១១យប់ថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២៥ កងទ័ពអាកាសថៃ បានប្រើយន្តហោះចម្បាំង F-16 ចំនួន២គ្រឿងមកទម្លាក់គ្រាប់ចំនួន៣គ្រាប់លើស្ពានអូរជីកធ្វើឱ្យស្ពានខូចខាតឆ្លងកាត់លែងកើតតែម្តង។
ស្ពានអូរជីក.ស្ថិតនៅលើផ្លូវជាតិលេខ៦៨ តភ្ជាប់រវាងខេត្តសៀមរាប និងខេត្តឧត្តរមានជ័យ។ ស្ពាននេះបានដាក់ឱ្យប្រជាពលរដ្ឋធ្វើដំណើររយៈពេលជាង១០ឆ្នាំមកហើយ។ ស្ពាននេះ មានសារៈសំខាន់ណាស់សម្រាប់ការធ្វើដំណើរប្រជាពលរដ្ឋ ការធ្វើពាណិជ្ជកម្ម ការដឹកជញ្ជូនកសិផល និងការធ្វើដំណើរទៅសាលារបស់សិស្សានុសិស្សផងដែរ។
ដូច្នេះការផ្តាច់ស្ពានពីសំណាក់កងទ័ពអាកាសរបស់ថៃ បង្កការលំបាកយ៉ាងខ្លាំងដល់ការរស់នៅប្រចាំថ្ងៃប្រជាពលរដ្ឋនៅក្នុងខេត្តឧត្តរមានជ័យ និងខេត្តសៀមរាប៕
