អ្នកនាំពាក្យក្រសួងការបរទេសថៃ លោក Nikorndej Balankura បានបញ្ជាក់ ពីវិមានរដ្ឋាភិបាលថៃ នៅរសៀល ថ្ងៃចន្ទ ទី១៧ ខែវិច្ឆិកា ឆ្នាំ២០២៥នេះថា៖
ក្រសួងការបរទេសថៃ គ្រប់ជាន់ថ្នាក់ទាំងអស់ នឹងលែងពន្យារពេល ឬបណ្តែតបណ្តោយពេលវេលាឱ្យអសារបង់ បន្តទៀតឡើយ ដោយក្រសួងនឹងចាត់វិធានការភ្លាមៗ ទាក់ទងនឹងឧបទ្ទវហេតុ រឿងទាហានថៃ ជាន់គ្រាប់មីន។
លោកបន្ថែមថា៖ កន្លងមកនាយករដ្ឋមន្ត្រីថៃ បានផ្ញើលិខិតអំពីរឿងគ្រាប់មីននេះ ទៅកាន់ប្រធានាធិបតីសហរដ្ឋអាម៉េរិក និងនាយករដ្ឋមន្ត្រីម៉ាឡេស៊ី រួចហើយ នេះគឺជាមូលហេតុចម្បង ដែលថៃផ្អាកការគោរព នូវកិច្ចព្រមព្រៀងសន្តិភាព ជាបណ្តោះអាសន្នសិន ប្រសិនបើភាគីកម្ពុជា គោរពតាមកិច្ចព្រមព្រៀងសន្តិភាពដោយស្មោះត្រង់ជាមុនសិន ទើបប្រទេសថៃគោរពតាមក្រោយ។
លោកសង្កត់ធ្ងន់ថា៖ ប្រទេសថៃ បានសរសេរលិខិតអំពីរឿងគ្រាប់មីននេះ ទៅកាន់អគ្គលេខាធិការអង្គការសហប្រជាជាតិ (UN) ឯកអគ្គរដ្ឋទូត និងអង្គការអន្តរជាតិនានា ចំនួន ៦ដងរួចមកហើយ ដើម្បីស៊ើបអង្កេត ក៏ដូចជាបញ្ជាក់អំពីការពិត ប៉ុន្តែ ប្រទេសថៃ មិនទាន់មានការឆ្លើយតប ពីភាគីអន្តរជាតិណាមួយនៅឡើយទេ៕
