បារាំងបញ្ជូននាវាផ្ទុកយន្តហោះទៅសមុទ្រមេឌីទែរ៉ាណេ ដើម្បីឆ្លើយតបទៅនឹងស្ថានភាពតានតឹង

0 1,214
(ទីក្រុងប៉ារីស)៖ នាថ្ងៃទី ០៣ ខែមិនា ឆ្នាំ២០២៦ ប្រធានាធិបតីបារាំង លោក Emmanuel Macron បានប្រកាសនៅថ្ងៃអង្គារ ថា លោកបានបញ្ជាឱ្យនាវាផ្ទុកយន្តហោះ Charles de Gaulle រួមជាមួយឧបករណ៍ និងកម្លាំងយោធាអាកាស (Air assets) និងនាវាចម្បាំងអមដំណើរ ធ្វើដំណើរទៅកាន់សមុទ្រមេឌីទែរ៉ាណេ ដើម្បីឆ្លើយតបទៅនឹងស្ថានភាពបច្ចុប្បន្ននៅមជ្ឈិមបូព៌ា។
ក្នុងសុន្ទរកថាតាមទូរទស្សន៍ លោក Macron បានបញ្ជាក់ថា វិធានការបន្ទាន់ត្រូវបានអនុវត្ត បន្ទាប់ពីការបិទច្រកសមុទ្រ Hormuz និងការគំរាមកំហែងដល់ព្រែកជីក Suez និងផ្លូវដឹកជញ្ជូនទំនិញនៅសមុទ្រក្រហម ខណៈដែលជម្លោះកំពុងពង្រីក។
លោក Macron បាននិយាយថា “បារាំងមានផលប្រយោជន៍សេដ្ឋកិច្ចសំខាន់ ដែលត្រូវការការពារ ព្រោះប្រេង ឧស្ម័ន និងពាណិជ្ជកម្មអន្តរជាតិ កំពុងរងផលប៉ះពាល់យ៉ាងខ្លាំងដោយសង្គ្រាមនេះ”។
ប្រធានាធិបតីបារាំងបានបន្ថែមថា បារាំងបានបញ្ជូននាវាចម្បាំងមួយទៅកាន់ប្រទេសស៊ីប ហើយកងទ័ពអាកាសបានស្ទាក់ចាប់យន្តហោះគ្មានមនុស្សបើក នៅលើមេឃរបស់សម្ព័ន្ធមិត្តឈូងសមុទ្រ ដោយមានយន្តហោះ Rafale ចូលរួមប្រតិបត្តិការនេះ។ លោកបានបញ្ជាក់ថា បារាំងមានកិច្ចព្រមព្រៀងការពារជាតិជាមួយប្រទេសកាតា គុយវ៉ែត និងអារ៉ាប់រួម។
បន្ថែមពីនេះ បារាំងកំពុងជួយពលរដ្ឋរបស់ខ្លួនដែលចង់ចាកចេញពីតំបន់។ ជើងហោះហើរពីរត្រូវបានគ្រោងនឹងមកដល់ទីក្រុងប៉ារីសនៅល្ងាចនេះ ខណៈដែលវិធានការសន្តិសុខត្រូវបានពង្រឹងនៅតំបន់មួយចំនួនក្នុងប្រទេស។
លោក Macron បានចង្អុលបង្ហាញថា អ៊ីរ៉ង់មានទំនួលខុសត្រូវចម្បងចំពោះសកម្មភាពរវាងសហរដ្ឋអាមេរិក និងអ៊ីស្រាអែល ប៉ុន្តែបានរំលឹកថា ប្រតិបត្តិការយោធារបស់សហរដ្ឋអាមេរិក និងអ៊ីស្រាអែល ត្រូវបានអនុវត្តនៅក្រៅវិសាលភាពច្បាប់អន្តរជាតិ ដែលជាអ្វីដែលបារាំងមិនអាចគាំទ្របាន។
You might also like
Loading...