ក្រសួងការពារជាតិ៖ ក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT) ចុះពិនិត្យជាក់ស្តែងនៅតំបន់ប្រាសាទព្រះវិហារ និងទីតាំងស៊ីវិលដែលរងការខូចខាត ដើម្បីផ្ទៀងផ្ទាត់បទឈប់បាញ់

0 56

(ភ្នំពេញ) នាថ្ងៃទី ១៣ មករា ២០២៦ ក្រសួងការពារជាតិបានប្រកាសថា ក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT) ដោយមានការសម្របសម្រួលពីភាគីកម្ពុជា បានចុះពិនិត្យជាក់ស្តែងនៅតំបន់ព្រំដែនសំខាន់ៗ រួមទាំងតំបន់ប្រាសាទព្រះវិហារ និងហេដ្ឋារចនាសម្ព័ន្ធស៊ីវិលដែលរងការខូចខាត ដើម្បីផ្ទៀងផ្ទាត់និងតាមដានការអនុវត្តបទឈប់បាញ់រវាងកម្ពុជា និងថៃ។

លោកជំទាវ ឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា អ្នកនាំពាក្យក្រសួងការពារជាតិ បានបញ្ជាក់ថា ចាប់តាំងពីការចូលជាធរមាននៃបទឈប់បាញ់ចុងខែធ្នូ ឆ្នាំ២០២៥ មកដល់ថ្ងៃនេះ កម្ពុជាបានគោរពយ៉ាងខ្ជាប់ខ្ជួន និងផ្តល់ការគាំទ្រពេញទំហឹងដល់ក្រុម AOT ក្នុងបេសកកម្មធានាភាពត្រឹមត្រូវ តម្លាភាព និងការកសាងទំនុកចិត្តឡើងវិញ។

បេសកកម្មសំខាន់ៗរបស់ AOT

  • ៤ មករា៖ ពិនិត្យស្ពានអូរជីក (ព្រំប្រទល់ឧត្តរមានជ័យ–សៀមរាប)
  • ៥ មករា៖ ពិនិត្យច្រកទ្វារព្រំដែនអន្តរជាតិជាំ (ស្រុកអន្លង់វែង)
  • ៦ មករា៖ ពិនិត្យភូមិព្រៃចាន់ និងភូមិជោគជ័យ (ខេត្តបន្ទាយមានជ័យ)
  • ៨ មករា៖ ពិនិត្យច្រកទ្វារព្រំដែនអន្តរជាតិអូរស្មាច់ (ក្រុងសំរោង)
  • ១០ មករា៖ ពិនិត្យច្រកបឹងត្រកួន និងជំរំជនភៀសសឹកវត្តកណ្តោល (ខេត្តបន្ទាយមានជ័យ)
  • ១៣ មករា៖ ពិនិត្យភូមិសាស្ត្រឃុំស្រអែម និងតំបន់ប្រាសាទព្រះវិហារ (បេតិកភណ្ឌពិភពលោក)

ក្រសួងការពារជាតិបានបញ្ជាក់ថា កម្ពុជាប្រកាន់ខ្ជាប់នូវការដោះស្រាយជម្លោះតាមសន្តិវិធី ស្របតាមច្បាប់អន្តរជាតិ និងធម្មនុញ្ញអាស៊ាន ដោយប្រឆាំងនឹងការប្រើកម្លាំង និងប្តេជ្ញាស្វែងរកដំណោះស្រាយយុត្តិធម៌ និងយូរអង្វែង ដើម្បីសន្តិភាព និងការអភិវឌ្ឍសម្រាប់ប្រជាជនទាំងពីរ។

You might also like
Loading...